ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីការលើកលែងការផាកពិន័យបំណុលនិងការលើកទឹកចិត្តខាងពន្ធដារ អ្នកចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់កម្មករ និងបុគ្គលិកនៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតដើម្បីឱ្យសហគ្រាសនោះកាន់តែរឹងមាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏នឹងជួយដល់បងប្អូនប្រជាពលរដ្ឋមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគារផងដែរ៕

Leave a Reply

Your email address will not be published.