ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ៤៦៧ខ្នងផ្ទះ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់

រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ៤៦៧ខ្នងផ្ទះ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា លោកប្រធានអនុសាខាកាកបាទក្រហមសុកស្រុកព្រៃនប់ លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ និងសប្បុរសជន។

លោក អ៉ី ធារិន ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ បានរាយការណ៍ពីជនរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឱ្យប៉ើងដំបូលសង្កសី និងជញ្ជាំងផ្ទះ ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៥ក្នុង ស្រុកព្រៃនប់ ពិសេសប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៣ ក្នុងនោះមានឃុំទួលទទឹង ២គ្រួសា ឃុំទឹកល្អក់ ៩៦គ្រួសារ ឃុំវាលរេញ ១៤គ្រួសារ ឃុំសាមគ្គីចំនួន ២៧៧គ្រួសារ និងឃុំ សំរុងចំនួន ៧៨គ្រួសារ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហកមកម្ពុជា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឱ្យប្រជាពលរដ្ឋមានផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់បង្កហានីភ័យ និងគ្រោះថ្នាក់យ៉ាងច្រើន ទន្ទឹមនោះ រដ្ឋបាលខេត្ត បានដាក់ចេញបទបញ្ជាឱ្យគណៈបញ្ជាការឯកភាពស្រុក កងកម្លាំងប្រដាប់អាវុធជួយសង្គ្រោះប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលចល័តយមធ្យោបាយ និងក្រុមគ្រូពេទ្យត្រៀមបង្កានៅតំបន់រងគ្រោះដោយខ្យល់កន្រ្តាក់ ក្រែងមានអ្នករងរបួសស្នាម ព្រោះខ្យល់កន្រ្តាក់រយៈពេល៣ថ្ងៃនេះ ធ្វើឱ្យបងប្អូនយើងរងផលប៉ះពាល់ធ្ងន់ និងស្រាល និងក៏មានរលំផ្ទះ រំខានដល់ការងារប្រចាំថ្ងៃរបស់បងប្អូន។

ឯកឧត្តម ប្រធានសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា មានប្រជាពលរដ្ឋរបស់យើងជាង ១ ០០០ខ្នងផ្ទះរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ហើយថ្ងៃនេះយើងបាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋចំនួន៤៦៧គ្រួសារ ហើយនៅសល់ ១ ០០០គ្រួសារទៀតមិនទាន់បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូន និងធ្វើការចែកជូននៅពេលខាងមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការណែនាំឱ្យសាខាខិតខំធ្វើយ៉ាងណារៀបចំស្បៀង និងសម្ភារះដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាគឺយើងធ្វើការចែកជាបន្តបន្ទាប់នៅពេលខាងមុខ នៅថ្ងៃទី២៩ ខែធ្នូខាងមុខ។ ឆ្នាំនេះខ្យល់កន្រ្តាក់បានកើតឡើងចំនួន ៣លើក ដោយសារការទាក់ទងទៅនឹងកត្តាអាកាសធាតុ ហើយជារៀងរាល់ឆ្នាំឃុំចំនួន៣នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែរងផលប៉ះពាល់និងខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ នេះគឺជាគ្រោះធម្មជាតិដែលមិនអាចចៀសបានស្របនឹងភូមិសាស្ត្រតំបន់នេះមានគ្រោះខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវបងប្អូនក្តាប់ឱ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅដ្ឋានឱ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ បង្កជាគ្រោះថ្នាក់ និងអាចឈានដល់បាត់បង់អាយុជីវិតថែមទៀតផង ដោយសារតែការប្រែប្រួលអាកាសធាតុ សូមឱ្យមន្ត្រី កងកម្លាំងរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហមក្នុងការចូលរួមជួយសង្គ្រោះជនរងគ្រោះធម្មជាតិ ពិសេសបន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឱ្យមានសុវត្ថិភាព ទន្ទឹមនោះត្រូវថែទាំសុខភាពមានដូចជាអាហារឱ្យមានអនាម័យ និងផឹកទឹកឆ្អិនឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ចំនួន ៤៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល។

Leave a Reply

Your email address will not be published.