ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមេធាវីសិក្សា ដើម្បីប្តឹង លោក សឹង សែនករុណា ករណីមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក សឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ពាក់ព័ន្ធនឹងករណីប្រមាថគណបក្សប្រជាជនកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់នឹងករណី លោក សុន ឆ័យ, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?»
សម្តេចបានបន្ថែមថា «ក្នុងការចុះផ្សាយក៏មានការនិយាយដោយ សឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយប្រមាថមើលងាយ គណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់ខ្ញុំ)»។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ បានដាក់ពាក្យប្តឹង លោក សុន ឆ័យ ម្តងរួចទៅហើយ ពាក់ព័ន្ធនឹងការប្រមាថថា គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានលួចសន្លឹកឆ្នោត។ ពាក់ព័ន្ធនឹងបណ្តឹងនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក៏បានប្រកាសសាលក្រមផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀល៕

Leave a Reply

Your email address will not be published.