ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល និងឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលនារី សរុប៥៤៧នាក់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជួបសំណេះសំណាល និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កម្លាំងនគរបាលនារីសរុប៥៤៧នាក់ ក្នុងឱកាសអបអរសាទរ ខួបលេីកទី១១៣ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការចូលរួមពីលោក-លោកស្រី ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីនគរបាលជានារីផងដែរ។

ជាកិច្ចចាប់ផ្តើម លោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង ឡើងអានរបាយការណ៍សង្ខេបការងារយេនឌ័រប្រចាំឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ និងលោកស្រីវរសេនីយ៍ទោ ប្រាជ្ញ ចាន់ណារី ឡើងអានព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រីនរោត្តមនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនគរបាលជានារី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈខ្ពស់ ចូលរួមការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណតម្លៃនារីឲ្យកាន់តែមានភាពថ្កុំថ្កើន តាមរយៈការបង្ហាញពីសមត្ថភាព គុណភាព វិន័យ សីលធម៌ល្អ ក្នុងនាមជាកងកម្លាំងបំរើផលប្រយោជន៍ និងភាពស្មោះពិតប្រាកដចំពោះប្រជាពលរដ្ឋនិងប្រទេសជាតិ។

ឯកឧត្តមស្នងការ ក៏បានណែនាំកងកម្លាំងនគរបាលនារី ត្រូវបន្តពង្រឹងសមត្ថភាព និងពង្រឺកចំណេះដឹងឲ្យមានជំនាញកាន់តែល្អ ជាពិសេសលើចំណេះដឹងបច្ចេកទេស ឌីជីថល ដែលសម័យបច្ចុប្បន្ននេះ ជំនាញឌីជីថល ជាជំនាញមួយត្រូវបានពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលអណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងលើជំនាញនេះជាខ្លាំងនិងបានណែនាំឲ្យមានការបណ្តុះបណ្តាលលើជំនាញឌីជីថលជូនដល់កងកម្លាំងនគរបាលនារីផងដែរ។

បន្ទាប់មកឯកឧត្តមស្នងការ និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាជូនដល់កម្លាំងនគរបាលនារី៥៤៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងសារុងចំនួន០១។ ដោយឡែកលោកជំទាវ លឹម ដារ៉ែន ជួន ណារិន្ទ បានឧបត្ថម្ភថវិកា ៥លានរៀល ជូនដល់សមាគមនារី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឧបត្ថម្ភថវិកាប្រចាំខែក្នុង០១ខែ ៥០ម៉ឺនរៀល ជូនសមាគមនារីផងដែរ៕

Leave a Reply

Your email address will not be published.