បន្ទាយមានជ័យ៖ កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន១.ឈ្មោះ សៀម វុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ឆាត វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឃឹម ថឹត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ឧត្តរមានជ័យ.1E-0049 បានទុកចោលក្បែរបន្ទប់ខាងមុខហើយភ្លេចចាក់សោរម៉ូតូលុះព្រឹកឡើងបាត់ម៉ូតូ១គ្រឿងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ហើយបានទៅប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបាន២នាក់ និងយកម៉ូតូបាន១គ្រឿងមកវិញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិ.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបាននាំយកមកសាកសួរតាមចម្លើយសាលាភាព និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូរកឃើញមកវិញ និងបានប្រគល់ជូនម្ចាស់វិញ៕(សៅ នៅ)